គណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាម ណែនាំ៥ចំណុចដល់សាសនិកទូទាំងប្រទេស អនុវត្តតាមផ្ទះរៀងៗខ្លួន ក្នុងខែរ៉ាម៉ាឌន ទប់ស្កាត់ COVID-19
ដើម្បីប្រយុទ្ធប្រឆាំងបង្ការការពារពីការឆ្លងរាលដាលនៃជំងឺកូវីដ១៩ (COVID-19) គណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជា បានចេញសេចក្ដីប្រកាសព័ត៌មានមួយ ជូនដល់គណៈអ៊ឺម៉ាំរាជធានី-ខេត្ត, គណៈអ៊ឺម៉ាំស្រុក-ខណ្ឌ, គណៈអ៊ឺម៉ាំមាំស្និទ គ្រូបង្រៀន និងសាសនិកឥស្លាមទូទាំងប្រទេសកម្ពុជា ដែលត្រៀមខ្លួនចូលបួស (ការតមអាហារពេលថ្ងៃរយៈពេល ១ខែ) ក្នុងខែរ៉ាម៉ាឌន នៃសាសនិកឥស្លាម ដែលជាបុណ្យធំ របស់ឥស្លាម គ្រោងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ ខាងមុខនេះ។
លោកឧកញ៉ា សុះ កំរ៉ី ចាងហ្វាងគណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជា បានណែនាំចំនួន ៥ចំណុច ដូចខាងក្រោម៖
ទី១៖ ការពិសារអាហារស្រាយបួស សូមអនុវត្តនៅតាមផ្ទះរៀងៗខ្លួន
ទី២៖ ការស្រឡាតតារ៉វ៉េះ(ថ្វាយបង្គំពេលយប់ក្នុងខែ រ៉ាម៉ាឌន) សូមធ្វើការជាលក្ខណៈគ្រួសារនៅតាមផ្ទះ
ទី៣៖ ថ្ងៃបុណ្យយរ៉យ៉ាហ្វិត្រាស់ អនុវត្តសឡាត (ថ្វាយបង្គំ) តាមផ្ទះរៀងខ្លួន មិនចាច់សូត្រឃុតពះក៏បាន
ទី៤៖ ការដើរសួរសុខគ្នា នៅថ្ងៃរ៉យ៉ាហ្វិត្រាស់ សូមកុំប្រមូលផ្តុំ ហើយរក្សាគម្លាតពីគ្នា
ទី៥៖ ត្រូវអនុវត្តវិធីបង្ការតាមការណែនាំរបស់ក្រសួងសុខាភិបាល ឱ្យបានខ្ជាប់ខ្ជួនគ្រប់ពេលរួមមាន៖ ការរក្សាអនាម័យ ការលាងដៃនឹងសាប៊ូ អាល់កុល ឬជេល ការពាក់ម៉ាស់ និងចៀសវាងចាប់ដៃគ្នា។
ករណីមានការសង្ស័យ សូមប្រញាប់ទាក់ទងទៅអាជ្ញាធរពាក់ព័ន្ធ ដើម្បីធ្វើតេស្តរកមេរោគ ទាំងនេះ គឺជាក្បួននៃការប្រយុទ្ធប្រឆាំងនឹងការរាតត្បាតជំងឺ COVID-19 ដ៏កាចសាហាវនេះ៕SP